ការតែងសេចក្ដីបែបពន្យល់​ “ ងើយស្កកឱនដាក់គ្រាប់”

ក្រឡេកមើលទៅវាលស្រែដ៏លឿងទុំដែលគ្របដណ្ដប់ទៅដោយគួរស្រូវ ។​ បើយើងក្រឡេកមើលទៅគួរស្រូវនីមួយ​ៗ វាប្រាកដជាមានភាពខុសគ្នាហើយ ។ នៅក្នុងនោះមានគួរស្រូវពីបែបដែលយើងគួរកត់សម្គាល់ មួយគឺដើមស្រូវដែលឈរត្រង់ និងមួយទៀតគឺដើមដែលរាងកោងចុះទៅដី ​។ បន្ថែម  នឹងនោះទៀតអ្នកប្រាកដជាឃើញដើមស្រូវដែលឈរត្រង់គឺមានគ្រាប់តិចជាងដើមស្រូវដែលកោងចុះហើយ ។ ដូច្នេះហើយបានជាមានសុភាសិតមួយដែលបានលើកឡើងថា​ “ងើយស្កក​ ឱនដាក់គ្រាប់” ។​ តើសុភាសិតដែលបានចែងខាងលើមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ? 

 

ដើម្បីជាប្រទីបបភ្លឺផ្លូវទៅដល់ការបកស្រាយសុភាសិតមួយនេះយ៉ាងពិស្ដារ យើងគួរយល់នូវ   ពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា ស្កក និង ឱន ។ ពាក្យថា ស្កក គឺជាការសំកកនៅដោយមិនបានផលអ្វីសោះ ។ រីឯពាក្យថា ​ឱន គឺជាការបន្ទាបខ្លួន ឬ បង្អោនកាយចុះ ។ ដូចដែលបានលើកឡើងនូវសុភាសិតខាងលើ ។ បើតាមន័យសាមញ្ញធម្មតា ស្រូវណាដែលឱនចុះគឺជាគួរស្រូវដែលលូតលាស់ល្អមានគ្រាប់ស្រូវច្រើននិងជួយផ្ដល់ផលយ៉ាងល្អទៅដល់កសិករ ។ រីឯគួរស្រូវដែលងើយត្រង់យើងមិនសូវមើលឃើញមានគ្រាប់ច្រើនទេគឺវាលូតលាស់មិនសូវល្អទេ ហើយមិនសូវផ្ដល់ផលទៅដល់កសិករនោះឡើយ ។ ទន្ទឹមនឹងនោះដែរ បើធៀបទៅនឹងសង្គមសព្វថ្ងៃ មនុស្សណាដែលអង់អាច កោងកាច មិនយល់ពីគេ មានអំនួតលើខ្លួនឯង ។ មនុស្សប្រភេទនេះយើងមិនសូវជាឃើញអ្នកផងទាំងឡាយចូលចិត្តនិងស្រលាញ់រាប់អាននោះទេ ។ រីឯមនុស្សដែលចេះដាក់ខ្លួនឱ្យតម្លៃអ្នកដទៃ គោរពអ្នកដទៃគឺតែងតែទទួលបាននូវការគោរពស្រលាញ់និងកោតសរសើរពីអ្នកនៅជុំវិញខ្លួនជានិច្ច ។ ជាការពិតណាស់មនុស្សដែលអួតខ្លួន ឈ្លើយ មើលងាយគេគឺមិនសូវទទួលបានភាពជោគជ៏យប៉ុន្មានទេ ។ ដូចដែលពាក្យមួយដែលគេតែងនិយាយថា​ មនុស្សដែលគ្រអើតគ្រទមតែងតែត្រូវគេជាន់ពន្លិច ។ រីឯអ្នកដែលចិត្តល្អតែងតែត្រូវគេលើក     តម្កើង ។ ជាទឡ្ហីករណ៍បើយើងជាមនុស្សឈ្លើយប្រើសម្ដីមិនល្អទៅកាន់នរណាំម្នាក់នោះនោពេលដែលយើងត្រូវការឱ្យគេជួយអ្វី គេប្រាកដជាមិនជួយយើងនោះទេ ។ ផ្ទុយទៅវិញបើយើងចេះទុកដាក់សម្ដី  ដោយនិយាយទន់ភ្លន់នោះនៅពេលយើងមានធុរ់ៈអ្វីមួយនោះគេនឹងចាំជួយយើងជានិច្ច ។ ដើម្បីឱ្យកាន់តែច្បាស់យើងគួរក្រឡេកមើលទៅតួអង្គ នាយភាត្រា(នាយសំពៅ) ដែលត្រូវជាស្វាមីរបស់នាងលក្ខិណា នាយភាត្រាគឺជាមនុស្សដែលអួតក្អេងក្អាងមើលងាយភរិយារបស់ខ្លួន ដោយថានាងមិនចេះទុកដាក់   ទ្រព្យសម្បត្តិ គិតថាមានតែខ្លួនឯង ហើយហ៊ានប្ដូ្ភរភរិយាខ្លួនជាមួយនឹងភរិយារបស់ចៅមាណពដែលគេហៅថាជាស្រីកញ្ជើធ្លុះ ។ នៅទីបញ្ជប់នាយភាត្រាដែលធ្លាប់តែមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ត្រូវបានក្លាយជាអ្នកក្រដោយសារតែមានអំនួតលើខ្លួនឯងពេក ហើយដោយសារការមិនចេះទុកដាក់របស់នាងខាត់ ។ រីឯនាងលក្ខិណាក្រោយបានក្លាយជាភរិយារបស់ចៅមាណព នាងចេះទុកចេះដាក់នៅទ្រព្យសម្បតិ្តទាំងអស់យ៉ាងមានរបៀប ។ មិនត្រឹមតែប៉ុណ្ណោះនាងមានទំនាក់ទំនងយ៉ងស្និទស្នាលជាមួយនឹងអ្នកផងរបងជាមួយនាងទៀតផង ដោយការចែករំលែកគ្នាទៅវិញទៅមក ។ 

 

សរុបមកវិញយើងឃើញថា កាលណាដែលយើងចេះដាក់ខ្លួនគោរពអ្នកដទៃ ឱ្យតម្លៃអ្នកដទៃនោះយើងនឹងមានអ្នកលើកតម្កើង ស្រលាញ់ចូលចិត្តច្រើនជាមិនខាន ប៉ុន្តែបើយើងជាមនុស្សដែលអួតអាងយើងនឹងមិនមាននរណាម្នាក់ចង់រាប់អាន និង នៅក្បែរនោះទេ មិនថាយើងមានដំណែង ឬ ឋានៈ   ខ្ពស់យ៉ាងណាក៏ដោយ ។ 

 

បើតាមការអធិប្បាយយ៉ាងពិស្ដារខាងលើបានបំភ្លឺបញ្ចាំងយ៉ាងជាក់ថាសុភាសិតមួយនេះពិតជាមានអត្ថន័យអប់រំយ៉ាងយ៉ាងជ្រាលជ្រៅទៅដល់បគ្គុលនីមួយៗឱ្យចេះរស់នៅដោយដើរទៅតាមគន្លង   ក្រមសីលធម៌ដោយគ្មានការរើសអើងឬក្រអើតក្រទមណាមួយឡើយ ។ ជាចុងបញ្ចប់ក្នុងនាមជាកូនខ្មែរ យើងគួរតែបន្តដើរទៅតាមគន្លងមួយនោះកុំបីខាន ។ ហើយត្រូវដឹងថារាល់សកម្មភាព ឬ អកប្បកិរិយាណាមួយសុទ្ធតែអាចជះឥទ្ធិពលទៅបុគ្គលផ្សេងៗ ជានិច្ច ។ ដូច្នេះត្រូវធ្វើអ្វីដែលត្រូវប្រសើរជាងធ្វើអ្វីដែលនាំឱ្យស្ដាយក្រោយ ។ 

Leave a Reply

Your email address will not be published. Required fields are marked *